ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអនុវត្តន៍តាមបញ្ញត្តិច្បាប់ដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរឲ្យខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នក ទាំងប្រុសទាំងស្រី និងកូនក្មេងដែលមិនទាន់គ្រប់អាយុ(ពេញវ័យ)ដែលមានសិទ្ធិសេរីភាពនោះសុំការអនុញ្ញាតពីពួកអ្នកចំពោះពេលវេលាបី(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ ៖ មុនពេលសឡាតពេលទាបភ្លឺ(សឡាតស៊ូពុស) ជាពេលដែលគេផ្លាស់សម្លៀកបំពាក់ដេកចេញដោយស្លៀកសម្លៀកបំពាក់ធម្មតា នៅពេលថ្ងៃត្រង់ ខណៈដែលពួកអ្នកដោះសម្លៀកបំពាក់របស់ពួកអ្នកចេញដើម្បីគេងបន្តិច និងក្រោយពេលសឡាតអ៊ីស្ហា ពីព្រោះវាគឺជាពេលសម្រាន្តរបស់ពួកអ្នក និង(ជាពេល)ដោះសម្លៀកបំពាក់ធម្មតាចេញដោយស្លៀកសម្លៀកបំពាក់ដេកវិញម្តង។ ពេលវេលាទាំងបីនេះ គឺជាពេលដែលពួកអ្នកច្រើនតែអាក្រាតសម្លៀកបំពាក់របស់ពួកអ្នក។ ចូរកុំឲ្យនរណាម្នាក់ចូលទៅកាន់ពួកអ្នកឲ្យសោះ(ក្នុងពេលវេលាទាំងបីនេះ) លុះត្រាតែមានការអនុញ្ញាតពីពួកអ្នកជាមុនសិន។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះពួកគេនោះដែរក្នុងការចូលទៅកាន់ពួកគេដោយគ្មានសុំការអនុញ្ញាតចំពោះពេលវេលាផ្សេងក្រៅពីពេលវេលាទាំងនេះ ដែលពួកគេភាគច្រើនចេញចូលរកគ្នាទៅវិញទៅមក។ ចូរសុំការអធ្យាស្រ័យចំពោះការហាមឃាត់ពួកគេមិនឲ្យចូលទៅ(កាន់ពួកអ្នក)គ្រប់ពេលទាំងអស់ លើកលែងតែដោយសុំការអនុញ្ញាត(ជាមុន)នោះ។ ដូចដែលអល់ឡោះទ្រង់បានបញ្ជាក់ដល់ពួកអ្នកពីបណ្តាច្បាប់នៃការសុំការអនុញ្ញាតនេះដែរ ទ្រង់បានបញ្ជាក់ចំពោះពួកអ្នកនូវបណ្តាវាក្យខណ្ឌជាច្រើនសម្រាប់ពួកអ្នកដែលបញ្ជាក់អំពីក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតចំពោះក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។