នៅពេលដែលអ្នកទាំងពីរបានចាកចេញទៅ អ្នកទាំងពីរក៏បាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់មូសាប្រាប់ដល់ឪពុករបស់ពួកនាង។ ពេលនោះ គាត់(ឪពុករបស់ស្ត្រីពីរនាក់នោះ)ក៏បានបញ្ជូនម្នាក់ក្នុងចំណោមនាងទាំងពីរទៅកាន់មូសាដើម្បីអញ្ជើញគាត់មក។ ពេលនោះ នាងក៏បានមកជួបនឹងមូសាដោយដើរក្នុងដំណើរយ៉ាងអៀនខ្មាស់។ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់បានអញ្ជើញអ្នកឲ្យទៅជួបគាត់ក្នុងគោលបំណងផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានដងទឹកឲ្យសត្វរបស់ពួកយើងផឹកនោះ។ នៅពេលដែលព្យាការីមូសាបានទៅជួបនឹងឪពុករបស់នាងទាំងពីរ ហើយបានរៀបរាប់ប្រាប់ពីដំណើររឿងរបស់គាត់(ដល់ឪពុករបស់ពួកនាង)នោះ គាត់(ឪពុករបស់ពួកនាង)ក៏បានពោលទៅកាន់មូសាដើម្បីឲ្យគាត់មានភាពនឹងនរថាៈ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពាន គឺហ្វៀរអោន និងពួកមន្ត្រីរបស់គេហើយ។ ពិតប្រាកដណាស់ ពួកគេគ្មានអំណាចអ្វីនោះទេនៅលើទឹកដីម៉ាទយ៉ាន់នេះ។ ដូច្នេះ ពួកគេគ្មានសមត្ថភាពអ្វីនឹងនាំគ្រោះថ្នាក់ណាមួយមកដល់អ្នកបាននោះឡើយ។