ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេគ្រប់ទិសប្រៀបបីដូចជាភ្នំនិងដុំពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះតែមួយគត់ដោយចិត្តស្មោះសក្នុងការបួងសួង និងការគោរពសក្ការៈ។ តែនៅពេលដែលអល់ឡោះបានទទួលយកនូវការបួងសួងរបស់ពួកគេ និងបានសង្រ្គោះពួកគេទៅដល់ដីគោក ហើយពួកគេបានរួចផុតពីការលិចលង់ទឹកហើយនោះ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ ដោយពួកគេមិនបានដឹងគុណអល់ឡោះជាម្ចាស់ឲ្យបានពេញលេញនោះឡើយតាមអ្វីដែលទ្រង់បានដាក់កាតព្វកិច្ចនោះឡើយ ហើយអ្នកខ្លះទៀត ជាអ្នកដែលប្រឆាំង(រមិលគុណ)នឹងឧបការគុណរបស់អល់ឡោះតែម្តង។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែពួកដែលក្បត់(ដូចជាបុគ្គលរូបនេះដែលបានសន្យានឹងអល់ឡោះថា ប្រសិនបើទ្រង់ជួយសង្គ្រោះរូបគេឲ្យរួចផុតពីគ្រោះថ្នាក់នោះ ប្រាកដជារូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណចំពោះទ្រង់ជាមិនខាន) ហើយនិងពួកដែលរមិលគុណនឹងឧបការគុណរបស់អល់ឡោះ ដោយគ្មានដឹងគុណម្ចាស់របស់គេដែលបានប្រទានឧបការគុណដល់គេនោះប៉ុណ្ណោះ។