ហើយដូចដែលអល់ឡោះជាម្ចាស់ទ្រង់មិនបង្កើតឲ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់បុរសតែម្នាក់នោះដែរ ក៏ដូចគ្នាដែរ ទ្រង់មិនបានបង្កើត(ចាត់ទុក)ភរិយាទាំងឡាយមានឋានៈស្មើនឹងម្តាយចំពោះការហាមឃាត់មិនឲ្យរៀបការជាមួយនោះទេ។ ហើយក៏ដូចគ្នាដែរ ទ្រង់ក៏មិនបង្កើតកូនចិញ្ចឹមឲ្យមានឋានៈស្មើនឹងកូនបង្កើតនោះដែរ ព្រោះថា ពិតប្រាកដណាស់ ហ្ស៊ីហើរ(ការហាមឃាត់របស់បុរសចំពោះភរិយារបស់ខ្លួនលើខ្លួនឯង) ហើយនិងការយកកូនចិញ្ចឹម វាគឺជាទំនៀមទម្លាប់នាសម័យកាលអវិជ្ជាដែលសាសនាឥស្លាមបានចាត់ទុកជាមោឃៈហើយ។ ហើយការហ្ស៊ីហ៊ើរ និងកូនចិញ្ចឹមនោះ វាគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយវាចុះឡើងនៅនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ ដោយវាគ្មានការពិតអ្វីឡើយ ពោលគឺ ប្រពន្ធមិនអាចជាម្តាយនោះឡើយ ហើយកូនចិញ្ចឹមដែលគេអះអាងថាជាកូននោះ ក៏មិនអាចក្លាយជាកូនបង្កើតនោះដែរ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់អនុវត្តន៍តាម ហើយទ្រង់ជាអ្នកចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ។