Khmer Abridged Explanation of the Quran
33:37 - 33:37

ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេដោយឲ្យគេបានចូលសាសនាឥស្លាម ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរដោយអ្នកបានលោះគេចេញពីភាពជាទាសករ(គឺសំដៅលើហ្ស៊េត កូន ហារីសះ នៅពេលដែលគេបានមករកអ្នកដើម្បីពិភាក្សាគ្នាពីរឿងលែងលះប្រពន្ធរបស់គេ(ហ្ស៊េទ) គឺហ្សៃណប់ កូនស្រី ហ្ជះស៊ិន) ដោយអ្នកបាននិយាយទៅកាន់គេ(ហ្ស៊េទ)ថាៈ ចូរអ្នករួមរស់ជាមួយប្រពន្ធរបស់អ្នកចុះ ហើយកុំលែងលះនាងឲ្យសោះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងបម្រាមទាំងឡាយរបស់ទ្រង់។ ប៉ុន្តែអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានវ៉ាហ៊ីដល់អ្នកដោយឲ្យអ្នករៀបការជាមួយហ្ស៊ៃណប់ ដោយសារអ្នកខ្លាច(ខ្មាស់)មនុស្សលោក ហើយអល់ឡោះនឹងបង្ហាញនូវការលែងលះរបស់ហ្ស៊េទចំពោះនាង បន្ទាប់មកអ្នកនឹងរៀបការជាមួយនាង។ ប៉ុន្តែអល់ឡោះទេដែលសាកសមឲ្យអ្នកខ្លាចក្នុងរឿងនេះនោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត ហើយបានលែងលះគ្នាជាមួយនាងហើយនោះ យើងក៏បានរៀបការនាងឲ្យទៅអ្នក ដើម្បីកុំឲ្យបណ្តាអ្នកមានជំនឿទាំងឡាយមានបាបកម្មចំពោះការរៀបការជាមួយនឹងប្រពន្ធរបស់កូនចិញ្ចឹមនៅពេលដែលគេ(កូនចិញ្ចឹម)បានលែងលះពួកនាង និងបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិទហ្ទះ)ហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ត ដោយគ្មាននរណាអាចរារាំងវាបានឡើយ។