ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)ឲ្យស្នងតំណែងពីគ្នានៅលើផែនដីនេះ(ពីមួយជំនាន់ទៅមួយជំនាន់) ដើម្បីទ្រង់សាកល្បងពួកអ្នក ថាតើពួកអ្នកនឹងធ្វើយ៉ាងដូចម្តេច? ដូច្នេះ ជនណាហើយដែលបានប្រឆាំងនឹងអល់ឡោះ និងប្រឆាំងនឹងអ្វីដែលបណ្តាអ្នកនាំសារបាននាំមកនោះ ពិតណាស់ បាបកម្មនៃការប្រឆាំងរបស់គេនិងទណ្ឌកម្មរបស់គេ គឺត្រឡប់ទៅរកខ្លួនគេផ្ទាល់ប៉ុណ្ណោះ ហើយការប្រឆាំងរបស់គេនោះ មិនបានធ្វើឲ្យមានគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកគេនៅចំពោះអល់ឡោះ ក្រៅពីការខឹងសម្បាយ៉ាងខ្លាំងប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីការខាតបង់នោះដែរ ដោយពួកគេគឺជាអ្នកដែលបានខាតបង់នូវអ្វីដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេនៅក្នុងឋានសួគ៌ ប្រសិនបើពួកគេមានជំនឿ។