រីឯពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទវិញ ពួកគេមិនត្រឹមតែប្រឆាំងនឹងអល់ឡោះប៉ុណ្ណោះទេ ពួកគេថែមទាំងបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ ព្រមទាំងបានបំពានលើអ្នកដែលនៅជុំវិញពួកគេថែមទៀត។ ហើយពួកគេបាននិយាយខណៈដែលពួកគេត្រូវបានបោកបញ្ឆោតដោយសារភាពខ្លាំងក្លារបស់ពួកគេថាៈ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តាមការស្មានរបស់ពួកគេ គឺគ្មាននរណាម្នាក់ដែលខ្លាំងជាងពួកគេឡើយ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានតបទៅកាន់ពួកគេវិញថាៈ តើពួកទាំងនោះមិនបានដឹង និងមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ និងបានប្រទាននូវភាពខ្លាំងក្លាដល់ពួកគេដែលធ្វើឲ្យពួកគេបំពាននោះ គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេនោះ? ហើយពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលព្យាការីហ៊ូទបាននាំមកកាន់ពួកគេ។