ដំណឹងនៃថ្ងៃបរលោក គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គឺមានតែទ្រង់តែមួយអង្គគត់ដែលដឹងថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់ដែលដឹងរឿងនេះឡើយ។ គ្មានផ្លែឈើអ្វីមួយដែលចេញអំពីស្រទាប់របស់វា ហើយក៏គ្មានសត្វលោកភេទញីណាពរពោះនិងកើតចេញនោះដែរ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់ទាំងអស់។ គ្មានអ្វីមួយនៃរឿងទាំងនោះអាចរំលងពីទ្រង់បានឡើយ។ ហើយនៅថ្ងៃដែលអល់ឡោះនឹងស្រែកហៅពួកមុស្ហរីគីនដែលពួកគេធ្លាប់គោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយរួមជាមួយនឹងទ្រង់ ជាការស្តីបន្ទោសពួកគេចំពោះការដែលពួកគេគោរពសក្ការៈរូបបដិមាទាំងនោះថាៈ តើដៃគូរបស់យើងដែលពួកអ្នកធ្លាប់អះអាងថា ពួកវាជាដៃគូរបស់យើងនោះ នៅឯណាទៅ? ពួកមុស្ហរីគីនទាំងនោះបានឆ្លើយថាៈ ពួកខ្ញុំព្រមទទួលស្គាល់នៅចំពោះមុខទ្រង់ថា នៅពេលនេះ គ្មាននរណាម្នាក់នៃពួកយើងធ្វើសាក្សីថា ជាការពិតណាស់ ទ្រង់មានដៃគូនោះទេ។