ហើយយើងបានដាក់បទបញ្ជាយ៉ាងតឹងរឹងមួយចំពោះមនុស្សលោកឲ្យធ្វើល្អទៅចំពោះឪពុកម្តាយរបស់គេ ដោយត្រូវកតញ្ញូចំពោះគាត់ទាំងពីរទាំងក្នុងពេលដែលគាត់ទាំងពីរនៅមានជីវិតរស់នៅ និងទាំងពេលបន្ទាប់ពីគាត់ទាំងពីរបានស្លាប់នូវអ្វីដែលមិនផ្ទុយពីច្បាប់បញ្ញត្តិឥស្លាម និងជាពិសេស គឺចំពោះម្តាយរបស់គេដែលបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយរយៈពេលនៃការពពោះដែលគេស្ថិតនៅក្នុងផ្ទៃម្តាយរបស់គេ និងរយៈពេលបំបៅដោះរហូតដល់ឈប់បំបៅ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេមានកម្លាំងពេញលេញ ទាំងប្រាជ្ញារបស់គេ និងកាយសម្បទារបស់គេ ហើយបានឈានដល់អាយុសែសិបឆ្នាំនោះ គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមកឲ្យខ្ញុំ និងប្រទានឲ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមទ្រង់មេត្តាឲ្យខ្ញុំធ្វើនូវអំពើល្អដែលទ្រង់ពេញចិត្ត ហើយសូមទ្រង់ទទួលយកវាអំពីខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាកែលម្អរូបខ្ញុំនៅចំពោះកូនចៅរបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់នូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគោរពស្តាប់តាមការបង្គាប់របស់ទ្រង់ ដោយប្រគល់ខ្លួនចាំទទួលនូវបទបញ្ជាទាំងឡាយរបស់ទ្រង់។