Khmer Abridged Explanation of the Quran
48:26 - 48:26

នៅពេលដែលពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានបង្កើតភាពក្រអឺតក្រទមនៅក្នុងដួងចិត្តរបស់ពួកគេយ៉ាងខ្លាំង ដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) ដែលវា(ភាពក្រអឺតក្រទមនោះ)មិនបានផ្សាភ្ជាប់ជាមួយសេចក្តីពិតនោះទេ ក៏ប៉ុន្តែវាផ្សាភ្ជាប់នឹងចំណង់តណ្ហា។ ដូច្នេះ ពួកគេក្អេងក្អាងមិនឲ្យអ្នកនាំសាររបស់អល់ឡោះចូលទៅកាន់ពួកគេនៅឆ្នាំហ៊ូទៃពីយ៉ះនោះទេ ដោយសារពួកគេខ្លាចគេគិតថា ព្យាការីមូហាំម៉ាត់បានយកឈ្នះលើពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវភាពនឹងនរអំពីទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ កំហឹងរបស់អ្នកមានជំនឿមិនបានបង្កឲ្យពួកគេប្រឈមជាមួយពួកមុស្ហរីគីនដូចអ្វីដែលពួកគេធ្វើចំពោះអ្នកមានជំនឿនោះទេ។ ហើយអល់ឡោះជាម្ចាស់បានឲ្យបណ្តាអ្នកមានជំនឿប្រកាន់ខ្ជាប់នូវពាក្យពិត នោះគឺពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់) ហើយឲ្យពួកគេបំពេញនូវកាតព្វកិច្ចរបស់ពាក្យនេះ ហើយពួកគេក៏បានបំពេញវា។ ហើយបណ្តាអ្នកមានជំនឿសក្តិសមនឹងពាក្យនេះជាងអ្នកផ្សេង ហើយពួកគេ គឺជាអ្នកដែលសក្តិសមនឹងទទួលវា ពីព្រោះអល់ឡោះបានដឹងពីភាពល្អប្រពៃដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីៗទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។