ហើយបើសិនជាមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿបានច្បាំងគ្នានោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរ ដោយហៅពួកគេទៅរកការកាត់ក្តីតាមច្បាប់របស់អល់ឡោះក្នុងបញ្ហាដែលពួកគេបានខ្វែងគំនិតគ្នានោះ។ ហើយប្រសិនបើភាគីណាមួយបដិសេធមិនទទួលយកនូវការសម្រុះសម្រួលទេ ហើយពួកគេបានការបំពាននោះ ចូរពួកអ្នកប្រយុទ្ធជាមួយនឹងភាគីដែលបំពាននោះ រហូតដល់ពួកគេព្រមទទួលយកការកាត់ក្តីរបស់អល់ឡោះ។ ហើយប្រសិនបើពួកគេបានវិលត្រលប់មករកការកាត់ក្តីរបស់អល់ឡោះហើយនោះ ចូរពួកអ្នកផ្សះផ្សា សម្រុះសម្រួលរវាងភាគីទាំងពីរដោយយុត្តិធម៌ និងមិនលម្អៀង។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌ក្នុងការកាត់ក្តីរវាងពួកគេទាំងពីរក្រុម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់ក្តីរបស់ពួកគេ។