Khmer Abridged Explanation of the Quran
49:13 - 49:13

ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នាក់ នោះគឺឪពុករបស់ពួកអ្នក “ព្យាការីអាហ្ទាំ” និងពីស្ត្រីម្នាក់ នោះគឺម្តាយរបស់ពួកអ្នក “ហាវ៉ា”។ ដូច្នេះ ពូជអម្បូររបស់ពួកអ្នក គឺតែមួយទេ។ ហេតុនេះ ចូរពួកអ្នកកុំឲ្យមានមោទនភាពលើគ្នាចំពោះពូជអម្បូរ(របស់ពួកអ្នក)ឲ្យសោះ។ ហើយក្រោយពីនោះមក យើងក៏បានធ្វើឲ្យពួកអ្នកមានជនជាតិនិងកុលសម្ព័ន្ធជាច្រើនដែលរីកសាយ(ពាសពេញផែនដី) ដើម្បីឲ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក ពុំមែនដើម្បីឲ្យ(ពួកអ្នក)ក្រអឺតក្រទម និងមានមោទនភាពចំពោះវា(ជាតិសាសន៍ ឬកុលសម្ព័ន្ធរបស់ខ្លូន)នោះទេ ពីព្រោះប្រការដែលអាចបែងចែក(ថានរណាល្អជាងនរណា)បាននោះ គឺមានតែការកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហេតុដូច្នោះហើយទើបទ្រង់បានមានបន្ទូលថាៈ ប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះអល់ឡោះនៅក្នុងចំណោមពួកអ្នកនោះ គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ជាងគេនៃពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះស្ថានភាពរបស់ពួកអ្នក មហាជ្រួតជ្រាបបំផុតពីអ្វីដែលពួកអ្នកមាននៃភាពពេញលេញ និងខ្វះខាត។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។