Khmer Abridged Explanation of the Quran
65:1 - 65:1

ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលអ្នក ឬនរណាម្នាក់ក្នុងចំណោមប្រជាជាតិអ្នក ចង់លែងលះភរិយារបស់ខ្លួននោះ ចូរឲ្យគេលែងលះនាងនៅក្នុងអ៊ិតហ្ទះរបស់នាង ដោយត្រូវលែងលះក្នុងពេលដែលនាងជ្រះស្អាត(ពីឈាមរដូវ) និងមិនទាន់បានរួមដំណេកជាមួយនាង។ ហើយចូរពួកអ្នកចងចាំពីរយៈពេលនៃអ៊ិតហ្ទះនោះផង ដើម្បីឱ្យពួកអ្នកមានភាពច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកវិញ ប្រសិនបើពួកអ្នកចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងពួកនាងវិញនោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ហើយចូរពួកអ្នកកុំបណេ្ដញភរិយាដែលពួកអ្នកបានលែងលះនោះ ចេញពីផ្ទះដែលពួកនាងរស់នៅឲ្យសោះ ហើយពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ រហូតទាល់តែផុតរយៈពេលអ៊ិតហ្ទះរបស់ពួកនាង លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ ដូចជា(នាងបានប្រព្រឹត្តអំពើ)ហ្ស៊ីណាជាដើម។ ច្បាប់ទាំងនោះ គឺជាព្រំដែនរបស់អល់ឡោះដែលទ្រង់បានកំណត់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយជនណាដែលបានបំពានព្រំដែនរបស់អល់ឡោះនោះ គឺគេពិតជាបានបំពានលើខ្លួនឯង ដោយគេបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ដោយសារតែការប្រព្រឹត្តល្មើសនឹងម្ចាស់របស់គេ។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឲ្យចិត្តរបស់ប្តីទោរទន់ ដោយចង់វិលត្រឡប់ទៅរួមរស់ជាមួយនឹងភរិយារបស់ខ្លួនវិញក៏ថាបាន។