ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្នកពិតជាក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយមួយក្រុមនៃអ្នកមានជំនឿដែលនៅជាមួយអ្នក ពួកគេក៏ធ្វើដូច្នោះដែរ។ ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកកំណត់ពេលយប់និងពេលថ្ងៃ ហើយទ្រង់ដឹងច្បាស់ពីរយៈពេលនៃពេលយប់និងពេលថ្ងៃនេះ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាពក្នុងការកំណត់ពីរយៈពេលនៃពេលយប់ និងពេលថ្ងៃឡើយ។ ដូច្នេះ វាពិតជាមានការលំបាកសម្រាប់ពួកអ្នកក្នុងការបំពេញទៅតាមអ្វីដែលគេទាមទារ។ ហេតុនេះ ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក។ ដូចនេះ ចូរពួកអ្នកក្រោកសឡាតពេលយប់ទៅតាមលទ្ធភាពដែលពួកអ្នកអាចធ្វើបាន ដោយសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ទ្រង់ក៏បានដឹងដែរថា នៅក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ) មានអ្នកដែលអសមត្ថភាពក្នុងការក្រោកឈរសឡាតពេលយប់ដោយសារមានជំងឺ ហើយអ្នកខ្លះទៀត ត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកលាភសក្ការៈរបស់អល់ឡោះ ហើយក៏មានអ្នកខ្លះទៀត ត្រូវចេញប្រយុទ្ធនឹងពួកប្រឆាំងដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ ដើម្បីឲ្យបន្ទូលរបស់ទ្រង់ខ្ពង់ខ្ពស់ឡើង។ ជាការពិតណាស់ អ្នកទាំងនេះ ពួកគេមានការលំបាកក្នុងការក្រោកសឡាតនៅពេលយប់។ ដូចេ្នះ ចូរពួកអ្នកសឡាតដោយសូត្រអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាតកាតព្វកិច្ចឱ្យបានល្អពេញលេញ និងបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកគេ និងបរិច្ចាគទានទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ាអល់ឡោះ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនោះ ពួកអ្នកនឹងទទួលបាននូវភាពល្អប្រសើរនិងផលបុណ្យដ៏ធំធេងពីអល់ឡោះជាម្ចាស់វិញ។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។